[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ប្រវត្តិអ្នកប្រាជ្ញ អ្នកនិពន្ធ និងតារាល្បីៗPosted: 2009-11-08 21:33:40   Replies: 0
ហួយមាស(១)

ជីវប្រវត្តិសង្ខេបរបស់អ្នកស្រីហួយមាស
ដោយអ្នកស្រីកែវចន្ទ័បូរណ៍
ែខតុលា២០០៩

អ្នកស្រីហួយមាស មានកំណើតនៅថ្ងៃចន្ទ័ ខែបុស្ស ឆ្នាំរកា ត្រូវនឹងថ្ងៃទី៦ ខែមករា ១៩៤៦ (គឺអ្នកស្រីមានវ័យ ចាស់ជាង អ្នកស្រីរស់សិរីសុទ្ធា ចំនួន១០ខែ ែតអ្នកស្រីបានប្រឡងជាប់​​ ចូលរៀនអនុវិទ្យាល័យ មុនអ្នកស្រីសុទ្ធា ដល់ទៅពីរឆ្នាំ) នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។​ ឪពុករបស់អ្នកស្រី មាននាមថា​ ហួយយ៉ុត មានមុខរបរ ជាបុគ្គលិកស្ថានីយ៍អយស្ម័យយាន បាត់ដំបង និងម្តាយដែលមាននាមថា​ ប៊ុតជិន ជាមេផ្ទះ។ អ្នកស្រីហួយមាស​​ ជាកូនស្រីពៅ ក្នុងចំណោម កូនទាំងបី​។ បងប្រុសទីមួយ​មាននាមថា ហួយសីុយឿន និងបងប្រុសទី២ ហួយស័យោ ដែលបច្ចុប្បន្ន មានមុខរបរជាគ្រូបង្រៀន នៅសាលាបឋមសិក្សា គោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។​ ចំណែកសាច់ញាតិដទៃទៀត បានធ្វើមរណកាលទៅជាយូរហើយ។

កាលនៅជាកុមារី អ្នកស្រីបានចូលរៀននៅសាលាបឋមសិក្សា សោហឺ ក្រុងបាត់ដំបង ហើយបានប្រឡងជាប់ចូល អនុវិទ្យាល័យនារី នេតយ៉ង់ នៅឆ្នាំ១៩៦០។​ អ្នកស្រីបានចូលរៀននៅទីនោះ ជំនាន់ជាមួយគ្នា នឹងអ្នកស្រីប៉ែនរ៉នដែរ បុ៉ន្តែ ជំនាន់ក្រោយ លោកអិុមសុងសឺម ចំនួនមួយឆ្នាំ។ អ្នកស្រីហួយមាស បាននៅសិក្សា ក្នុងអនុវិទ្យាល័យ​ ចំនួនបួនឆ្នាំ លុះប្រឡងឌីប្លូមធ្លាក់ នៅឆ្នាំ១៩៦៥ ក៏សម្រេចចិត្តថា​​ ឈប់រៀន ដើម្បីប្រកបអាជីព ចិញ្ចឹមជីវិតវិញ។

តាមរយៈប្រវត្តិក្រុមគ្រួសារ លោកហួយយ៉ុត ដ៏សាមញ្ញមួយ មិនដែលមាននរណាម្នាក់ទេ ដែលមាននិស្ស័យ ខាងសិល្បៈ ចំរៀងតូរ្យតន្រ្តី អ្វីឡើយ។​ ស្រាប់តែ កុមារីហួយមាសនេះ បែរជាមាននិស្ស័យ ខុសគេខុសឯង ស្រឡះតែម្តង។​ កាលនៅពីតូច យុវតីហួយមាស ចូលចិត្តសូត្រធម៌ សូត្រកំណាព្យ ជួនស្មគ្រ័ចិត្ត ឡើងកាន់ឃោសនសព្ទ័​ សូត្រកំណាព្យ ក្នុងពិធីបុណ្យផ្សេងៗ​ នៅក្នុងសាលា។ ជួនកាលទៀត យុវតីកាន់សៀវភៅធម៌ សៀវភៅរឿងព្រេងខ្មែរ ស្រីហិតោបទេស ជាដើម យកមកអាន ក្នុងពេលបុណ្យ ជូនចាស់ៗ ដែលមិនចេះអក្សរ អោយបានស្តាប់ យល់សាច់រឿង។ កុមារីជាក្មេងឧស្សាហ៍ ហើយមានចិត្តណាស់ ភាគច្រើន ច្រើនមកស្មគ្រចិត្ត សុំខ្លួនសូត្រកំណាព្យ ឬអានសៀវភៅធម៌ ជូនចាស់ៗស្តាប់ ដោយមិនបាច់មានគេ មកពឹងពាក់ ឬហៅប្រើឡើយ។​ កាលនោះ កុមារីហួយមាស​បានទទួលរហស្សនាម​ ថា រាជធិតាវោហារមាស។

កាលជំនាន់នោះ លោកឪពុករបស់ខ្ញុំ ដែលជាសាស្រាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ (វិទ្យាល័យអា៊បឃុត ជាសាលាយុវជន និង វិទ្យាល័យនេតយ៉ង់ ជាវិទ្យាល័យនារី សង់ទល់មុខគ្នា ម្ខាងផ្លូវម្នាក់) មានបើកថ្នាក់រៀន នៅផ្ទះរបស់លោកផ្ទាល់​ នៅពេលល្ងាចក្រោយម៉ោងសាលា និងថ្ងៃឈប់សំរាក ជាចំហ សំរាប់សិស្សអនុវិទ្យាល័យ មកចូលរៀន ដោយបង់កម្រៃសាលា តាមសទ្ធារបស់សិស្ស​​។ ចំពោះសិស្សក្រីក្រ រស់នៅតាមវត្តវា៉ ឬមកពីស្រុកស្រែចំការ ក្រៅក្រុង នោះអាចចូលរៀនបន្ថែមវិជ្ជា ជាមួយលោកបាន ដោយមិនបាច់បង់ប្រាក់ឡើយ។ កាលនោះ​ សិស្សដៃលមករៀន មានច្រើនថ្នាក់ ច្រើនកម្រិតវិជ្ជា ផ្សេងគ្នា ចែកគ្នាតាមថ្ងៃ ក្នុងមួយខែ មានសិស្ស ពី៣០០ ទៅ៤០០នាក់ ដែលមករៀន ទៀងទាត់។ សិស្សជំនិតរបស់លោកឪពុកខ្ញុំ គឺសិស្សមួយក្រុម ដែលមានគំនិតចាស់ទុំជាងគេ​​ (មានរួមបពា្ចូលទាំង អ្នកស្រីហួយមាស អ្នកស្រីប៉ែនរ៉ន​ និងលោកអិុមសុងសឺម) ដែលមករៀន ថ្នាក់ភាសាបារាំងផង ថ្នាក់គណិតសាស្រ្តផង ដើម្បីត្រៀមប្រឡងឌីប្លូម។ មានឧិកាសខ្លះ ខ្ញុំឃើញលោកឪពុករបស់ខ្ញុំ នាំសិស្សទាំងនោះ ហាត់ច្រៀងចំរៀងខ្មែរ​​ ដោយមានលោក ជាអ្នកទាត់ចាបីុម៉ង់ដូលីន។ ជួនកាល លោកទះស្គរដៃជាចង្វាក់ អោយសិស្សច្រៀងតាម។ មានកាលខ្លះ លោកនាំសិស្សសិក្សា ខាងវិន័យសុភាវធម៌ខ្មែរ ដល់សិស្សទាំងនោះ។ នៅក្នុងចំណោមសិស្ស ក្នុងថ្នាក់ពិសេសនោះ មានតែយុវតីហួយមាសទេ ដែលអណ្តែតលេចធ្លោ ជាងគេ ខាងកាន់វិន័យខ្ជាប់ខ្ជួន​ មានសណ្តាប់ធ្នាប់ល្អ ថែមទាំងមានថ្វីមាត់ ខាងសូត្រធម៌ និង​សូត្រកំណាព្យ យា៉ងស្ទាត់ទៀតផង។

នៅដើមឆ្នាំ១៩៦៥​ ពេលអ្នកស្រីនៅរៀនឆ្នាំទីបួន ក្នុងអនុវិទ្យាល័យ ជាថ្នាក់ត្រៀមប្រឡងឌីប្លូម លោកឪពុករបស់ខ្ញុំ បានត្រូវគេអញ្ជើញ អោយទៅចូលរួម ជាគណៈកម្មាការវេទិកា​ រៀបចំពិធីបុណ្យសមាជជាតិ នៅវាលមេរុ បាត់ដំបង។ ពេលនោះ លោកឪពុករបស់ខ្ញុំ បានស្នើសុំអោយ យុវតីហួយមាស ទៅជួយកិច្ចការរបស់លោក នៅលើវេទិកាបុណ្យ ត្បិតលោកធ្លាប់ស្គាល់ នូវទឹកដមសំដី និងទេព្យកោសល្យ ខាងសូត្រធម៌និងកំណាព្យរបស់យុវតី ។ ក្នុងរយៈេពល ប្រារព្ធពិធីបុណ្យជាតិ ទាំងបីថ្ងៃនោះ ទឹកដមសំនៀង​ និងទេពកោសល្យ របស់យុវតីហួយមាស​ បានកន្រ្តាក់អារម្មណ៍ ទស្សនិកជនទាំងឡាយ អោយភ្ញាក់ផ្អើលក្រៃលែង ពេញខេត្តបាត់ដំបងទាំងមូល។ យុវតីយើង មិនត្រឹមតែមាន ទឹកដមសំនៀងពិរោះ គួរអោយចាប់ចិត្ត ខាងធម៌អាឋ៌ និង​ កំណាព្យខ្មែរ​ តែម្យា៉ងប៉ុណ្ណេាះទេ ែតពេលនោះ លោកឪពុករបស់ខ្ញុំបាននាំយុវតីទៅចុះឈ្មោះ ចូលប្រកួត ផែ្នកចម្រៀងសម័យ ដើម្បីបង្ហាញ នូវទេពកោសល្យ ពិសេសថ្មីមួយ បន្ថែមទៀតផង។ កាលនោះ យុវតីយើងត្រេកអរណាស់ ក៏ឡើងច្រៀងបទ រាត្រីសូមា ជាបទចម្រៀង របស់អ្នកស្រីម៉ៅសារេត។ នៅខាងដើម នៃបទចម្រៀងនោះ យុវតីបានប្រើទឹកដមសំនៀង អត្ថាធិប្បាយតាមនឹកឃើញភ្លាមៗ េដាយពោលបញ្ចូលសាច់រឿង ជាមុនបន្តិចសិន ទើបចាប់ចូលដល់ត្រង់ ការច្រៀងសម្លេងសូឡូ ម្នាក់ឯង​បន្តិចទៀត ទើបសាច់ភ្លេងរោទិ៍ នាំអ្នកច្រៀង ចូលបន្តតាមក្រោយ ជាបទចម្រៀងតែម្តង។ ទេពកោសល្យនេះ បានកែប្រែទឹកដមបទចំរៀងដើម របស់អ្នកស្រីម៉ៅសារេត អោយរឹងរិតតែពិរោះ មានអត្ថន័យខ្លឹមសារខ្លាំងថែមទៀត រកអ្វីប្រៀបមិនបាន​​ រហូតដល់បានជាប់ជ័យលាភី លេខមួយប្រចាំខេត្ត។ ថ្វីបើកាលណោះ ខ្ញុំនៅក្មេងបន្តិចក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ព្រឺសម្បុរ ដោយក្តីរំភើបសប្បាយ ចម្លែកណាស់ ពេលខ្ញុំបានស្តាប់សំនៀង របស់យុវតីហួយមាស ដែលកំពុងប្រឡងប្រកួត នៅពេលនោះ។ លោកឪពុករបស់ខ្ញុំ មានក្តីរំភើបចិត្តជាងគេបង្អស់ ត្បិតលោកបានឃើញសិស្សរបស់លោក បានទទួលជោគជ័យ យ៉ាងគ្រាំគ្រេង។ ចំណែក លោកឪពុកអ្នកម្តាយ របស់យុវតីហួយមាសវិញ មានមោទនភាពត្រេកអរ ចំពោះរូបកូនស្រី រហូតនិយាយលេងរួច។

នៅឆ្នាំដដែល ពេលយុវតីហួយមាស ប្រឡងឌីប្លូមវគ្គទីមួយធ្លាក់ យុវតីខកចិត្តជាខ្លាំង លែងមានកម្លាំងចិត្ត ចង់ចូលប្រឡងលើកទីពីរ។ កាលនោះ លោកអិុមសុងសឺម ដែលជាសិស្សច្បង ក៏បានប្រឡងជាប់ធ្វើគ្រូបង្រៀន តែលោកមិនបានចូលធ្វើការ ខាងផ្នែកនេះទេ បែរជាបន្តការងារខាងតន្រ្តីយោធា ក្រសួងឃោសនាការនោះទៅវិញ​ ត្បិតលោកធ្លាប់បាន ចូលរួមការងារ នៅទីនោះ តាំងពីនៅរៀនមកម៉្លេះ ម្ល៉ោះហើយមិនដាច់អាល័យ ពីកន្លែងនោះ។ លុះបានដំណឹងថា​ សិស្សប្អូនហួយមាស បាក់ទឹកចិត្ត កើតទុក្ខគេចមុខ មិនជួបនរណា ក៏េចញទៅតាមរកនាង អោយមកបង្ហាញ ទេពកោសល្យរបស់នាង តាមរយៈក្រុមតន្រ្តីខេត្ត ដែលចេញផ្សាយស្នាដៃរៀងរាល់សប្តាហ៍ ដើម្បីជាការលើកស្ទួយកម្លាំងចិត្តនាង។ អាស្រ័យប្រការនោះហើយ ដែលនាំអោយ យុវតីមានឧិកាស បានបញ្ចេញទេពកោសល្យ របស់ខ្លួន ផ្នែកសំនៀងវោហារ តាមនិស្ស័យសម្បទា​ ដែលនាងពេញចិត្តបំផុត​ តាំងពីកុមារភាព​រហូតដល់បានល្បីឈ្មោះ ពេញក្នុងខេត្តទាំងមូល ក្នុងរយៈពេលដ៏ខ្លី។ នៅឆ្នាំដដែល ពេលលោកអិុមសុងសឺម ត្រូវផ្លាស់ទៅនៅភ្នំពេញ​ ដើម្បីបណ្តុះអាជីព ជាតារាចំរៀង ប្រចាំប្រទេស លោកក៏បានស្វែងរកផ្លូវ ែណនាំសិស្សប្អូនរបស់លោក ទៅសិល្បកររៀមច្បងផ្នែកតូរ្យតន្រ្តី និងវិទ្យុជាតិ នៅភ្នំពេញ ដើម្បីជួយអោយពួកគេ អាចបន្តការរីកដុះដាល នៅភ្នំពេញ ដូចលោកដែរ (នៅក្នុងនោះ មានសិស្សប្អូនហួយមាស ប៉ែនរ៉ន និងរស់សិរីសុទ្ធា​ ដែលចេញទៅភ្នំពេញ ជាបន្តបន្ទាប់​ ក្នុងឆ្នាំតែមួយ)។​ ដោយសារទេពកោសល្យឯក គ្មាននរណាធ្វើដូច ជាពិសេសផ្នែកពោលអត្ថាធិប្បាយ និងផ្នែកចំរៀងមនោសញ្ចេតនា យុវនារីហួយមាស ក៏បានទទួលការកត់សំគាល់ពីអ្នកនិពន្ធរៀមច្បង ម៉ាឡៅពី អោយមកសាងថ្នាលជីវិតថ្មី នៅភ្នំេពញ នៅឆ្នាំ១៩៦៥​​នោះដែរ។

តទៅទំព័រទីពីរ

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com