[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
ប្រវត្តិសាស្រ្តនិងភូមិសាស្រ្តកម្ពុជាPosted: 2009-11-27 22:35:42   Replies: 0
កម្ពុជាសម័យលង្វែក

ទីតាំងភូមិសាស្ត្រ និងការសាងសង់
បន្ទាយលង្វែកជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ទាយនេះសង់ដោយ ព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកន នៅឆ្នាំ១៥២៦។​ ពេលនោះព្រះចន្ទរាជា (នាមសម្រាប់រាជ្យ ព្រះបរមរាជាចន្ទរាជា) ត្រឡប់មកពីធ្វើសង្គ្រាមជាមួយស្ដេចកន ក្នុងខេត្តត្បូងឃ្មុំ(ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម) បានយាងមកគង់នៅបន្ទាយមានជ័យ (ខេត្តពោធិ៍សាត់) បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្ត្រ កាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង។ ក្រុមមេការ ឲ្យគេជីកបុកឫសរៀបថ្ម៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះ កម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ។ ព្រះអង្គធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំឫស្សីយ៉ាងក្រាស់(កម្រាស់២សិន[១]) ហើយមានទ្វារធំ៨ ក្នុងទ្វារនីមួយៗមានសើន[២]មួយ។ សើនទាំង៨មានកម្ពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធទាហានកាំភ្លើងច្រូង (កាំភ្លើងវែង)។ ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកងកាំភ្លើងធំ ហើយនៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង និងសាលាឧទ្ទរណ៍។ ក្នុងកំពែងទី៣ ដាក់សុទ្ធទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត។ ក្នុងកំពែងទី៤ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ ក្នុងកំពែងទី៥ តាំងរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅ។ នៅក្នុងកំពែងនេះដែរ មានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្រ័ក្សណ៍[៣] គឺសម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទ្ធិ គឺពឮព្រះគោ ឬព្រះត្រលែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះគោទាំងនោះ មានរក្សាទុកនូវគម្ពីរក្បួនសាស្ត្រា... ដ៏មានតម្លៃលើសលប់។ ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗ ដូចជា ឃ្លាំងស្រូវអង្ករ អំបិលប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្ត្រាវុធ។ បន្ទាយលង្វែកមានទទឹងប្រវែង២គីឡូម៉ែត និងបណ្ដោយប្រវែង៣គីឡូម៉ែត ហើយចំណាយពេលសាងសង់ ចំនួន៣ឆ្នាំ(១៥២៧ - ១៥២៩)។

ព្រះរាជា និងព្រឹត្តិការណ៍សម័យលង្វែក
ព្រះបាទចន្ទរាជា(១៥១៦ - ១៥៦៦)
ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគត់ ព្រះបាទស្រីសុគន្ធបទ នៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅ ក្រុងអយុធ្យាស្រុកសៀម ឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយ មករំដោះរាជបល្ល័ង្ក។ ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស១៥១៦។ រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។ ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជា បានឲ្យគេសាងសង់ បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែក ក៏ក្លាយជារាជធានីខ្មែរ រហូតដល់ចុងសតវត្សទី១៦។ ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាម ដ៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញ រហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារ គ្រប់ប្រភេទ សម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។

ព្រះបាទបរមរាជា(១៥៦៦ - ១៥៧៦)
ព្រះបាទបរមរាជា ជាបុត្រទី២របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើមយកអាណាខេត្តខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរ ដើម្បីប្រមូលទ័ពទៅរំដោះយក ខេត្តនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀម ខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខេត្តនគររាជសីមា ចន្ទបុរី និងបស្ចិមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថា ស្ដេចសៀមរវល់តែធ្វើចម្បាំង ជាមួយឡាវ(សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយឡាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅគ.ស១៥៧៦។

ព្រះបាទសត្ថាទី១(១៥៧៦ - ១៥៨៦)
ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុង ពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ១៥៨៦ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។

ព្រះបាទជ័យជេដ្ឋាទី១(១៥៨៦ -១៥៩៣)

ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ១១ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម៦ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាល មកពីវិបត្តិ រាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿ នឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀម លើកទ័ពមកវាយលុកចូលប្រទេសខ្មែរ ជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ១៥៩៤។

នយោបាយក្នុងប្រទេស
នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទសត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្មទើបតែ១១ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជ្យសម្បត្តិ ដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែក ធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់។

នយោបាយក្រៅប្រទេស
កាលសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ា កំពុងជាប់ដៃវាយជាមួយយួន ដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាម វាយរំដោះទឹកដី ដែលបាត់បង់ទៅ តាំងពីសតវត្សទី១៣យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និងសត្ថាទី១ បានលើកទ័ពទៅវាយលុក រហូតដល់រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខេត្ត ជាច្រើនមកវិញ។
មូលហេតុដែលនាំឲ្យទ័ពខ្មែរ ទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយសៀមជាញឹកញាប់ ពីព្រំដែនសៀមភូមា។ ប៉ុន្តែក្រោយមកក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញា ចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរ នូវខេត្តនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាលព្រះបាទសត្ថាទី១មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ប៉ទុយកាល់ និងអេស្ប៉ាញ ... ។ ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀម កាន់តែក្ដៅក្រហាយ ព្រោះខ្មែរ និងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មកផ្សព្វផ្សាយ នៅប្រទេសខ្មែរ។ នៅឆ្នាំ១៥៩៤ សៀមបានវាយលុកយកក្រុងលង្វែក។ វាបានប្រមូលរតនភ័ណ្ឌ អស់ពីបន្ទាយលង្វែក ថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើន ទៅស្រុកសៀមទៀត។ បើនរណារឹងទទឹង ពួកវានឹងសម្លាប់ចោលភ្លាម។

សេដ្ឋកិច្ចសម័យលង្វែក
កសិកម្ម
ផ្នែកកសិកម្មមានសកម្មភាពខ្លាំង ព្រោះព្រះរាជាសម័យនោះបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ព្រះអង្គតែងតែគិតគូរ ដល់ដីធ្លីសម្រាប់ប្រជារាស្ត្រធ្វើស្រែចំការ ថែមទាំងបានជីកអូរ ព្រែក ប្រឡាយ សម្រាប់ផ្គត់ផ្គង់ទឹក ដល់កសិកម្ម។ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ទ្រង់បានបញ្ជាទ័ពឲ្យកាប់ឆ្ការព្រៃដើម្បីវាតទីដីស្រែចំការ សម្រាប់ប្រជារាស្ត្រ។ នៅរដូវបង្កបង្កើនផល និងប្រមូលផល គេតែងតែបញ្ឈប់សង្គ្រាម ដើម្បីជួយប្រជារាស្ត្រ ក្នុងការប្រកបរបរកសិកម្ម។

ពាណិជ្ជកម្ម
ដោយសារបឹងទន្លេសាបសម្បូរត្រី ហើយដីនៅជុំវិញសម្បូរជីជាតិ និងទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់ សម្រាប់ដឹកនាំទំនិញទៅលក់ឯបរទេស វិស័យពាណិជ្ជកម្ម មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងរជ្ជកាលព្រះបាទ ពញាយ៉ាត ស្ដេចកន ចន្ទរាជា ... ប្រទេសកម្ពុជាសុទ្ធតែបាននាំទំនិញទៅលក់នៅបរទេស ហើយទិញមកវិញ នូវគ្រឿងសាស្ត្រាវុធ។ ព្រះបាទបរមរាជាបានធ្វើទំនាក់ទំនង ជាមួយពួកអឺរ៉ុប ជប៉ុន ចិន ជ្វា ... ឲ្យមកធ្វើជំនួញនៅស្រុកខ្មែរ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកនេះបាននាំទំនិញដូចជាកំណាត់សំពត់ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយនាំចេញទៅវិញ នូវគ្រឿងទេស ភ្លុកដំរី ស្នែង ជ័រ ស្បែក ... ។

សិប្បកម្ម
សិប្បកម្មនៅមានការអន់ថយនៅឡើយ។ សកម្មភាពសំខាន់ក្នុងសម័យនោះគឺការស្លដែក ដែលមានសន្ទុះខ្លាំងក្លា ចាប់ពីរជ្ជកាលព្រះបាទចន្ទរាជា ព្រោះព្រះអង្គបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ប៉ុន្តែការប្រើ ដែកជាវត្ថុធាតុដើម មានរបរដំដែកជាដើម មានសកម្មភាព តាំងពីក្នុងរជ្ជកាលព្រះបាទពញាយ៉ាតម្ល៉េះ។

ការបាក់បែកបន្ទាយលង្វែក
នៅឆ្នាំ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើរាជសារ ជំនួញពីស្ដេចខ្មែរ ព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌ នាំទ័ពទៅជួយច្បាំងសៀម រហូតទទួលបានជ័យជំនះ លើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមា ចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះ លើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។ នៅឆ្នាំ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរ យ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល៣ខែ តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជម្ងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួង ជាច្រើនចូលក្នុងគុម្ពឫស្សី ដែលជារបងការពារបន្ទាយលង្វែក។ ប្រជារាស្ត្រខ្មែរ នាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួង ទាល់តែរេចរឹលគុម្ពឫស្សីអស់។ នៅឆ្នាំ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។ ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។ ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយ ទៅនៅដែនដីឡាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។

ផលវិបាក
ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយ នៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់ យកទៅប្រទេសគេ ស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរ ពេញផ្ទៃប្រទេស។ ប្រទេសកម្ពុជាបានបាត់បង់ អាណាខេត្តខាងលិច និងពាយ័ព្យ ដូចជា ខេត្តចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ... ។

ឯកសារពិគ្រោះ
* សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០

Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Angkor Khmer TV
Smaradey Khmer
Properties ForSale
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD