[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Special Khmer Poetry/Other LiteraturePosted: 2010-10-27 22:08:43   Replies: 0
តើយក្សមានកំណើតមកពីណា?

តើយក្សមានកំណើតមកពីណា?
http://chanbokeo.com/index.php?gcm=1411&grid=131125>op=5315

កាលនៅពីជំនាន់ មុនព្រាហ្មញ្ញសាសនា ប្រទេសខ្មែរ យើងមាន ជំនឿវិញ្ញាណនិយម (Animism) គឺការមានជំនឿលើ វិញ្ញាណក្ខន្ខ័សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំ និងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬព្រះពុទ្ធទេ មានតែ វិញ្ញាណក្ខ័ន្ធសក្តិសិទ្ធិ រក្សាលោក ដូចជា ៖
១- អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក)
២- អារក្ស (អ្នករក្សាទឹក និងសត្វដែលរស់នៅ អាស្រ័យទឹកជាជម្រក)
៣- មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ)
៤- ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ)
៥- ជំនាងផ្ទះ (អ្នករក្សាការពារលំនៅស្ថាន)
៦- ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែលមិនអាច ជួយខ្លួនឯងបាន ដូចជា អ្នកពិការ និងចាស់ជរា) ជាដើម។

ចំណែកវិញ្ញាណ ដែលបំផ្លាញលោក មាន ៖
១- មេធ្មប់ (ជាយមរាជ ឬជាស្តេចនៃ ព្រលឹងសៅម៉ាន ទាំងឡាយ)
២- ព្រាយ អាប(ដែលជាសេនាទាំងឡាយ របស់មេធ្មប់ ដែលមេធ្មប់ អាចបញ្ជា បានគ្រប់ពេល)។
ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ខ្មែរបានទទួល ឥទ្ធិពលបន្ថែមទៀត ពីជំនឿថា មានយក្ស និង បិសាច នៅក្នុងជំនឿ វិញ្ញាណនិយម នេះដែរ។

នៅក្នុងប៉ែកមួយ នៃប្រទេសឥណ្ឌា មានកុលសម្ពន្ធ័ ឬជនជាតិភាគតិច មួយក្រុម មានឈ្មោះថា យក្ស ដែលមានមាឌដំបងធំៗជង្គ្រងៗ ហើយពួកនេះ មិនមានប្រកាន់ ជំនឿលទ្ធិព្រហ្មញ្ញសាសនាទេ ទើបជនជាតិឥណ្ឌាទូទៅ តែងហៅជនណា ដែលមិនជឿលើព្រះព្រហ្ម ថាជាពួកយក្ស។ ក្រោយពីជំនឿនេះ បានវាតទីមកដល់កម្ពុជា យើងក៏នាំគ្នា កត់សំគាល់ តៗតាមគ្នា ថា អោយតែយក្ស គឺជាមនុស្ស ប្រឆាំងនឹងព្រះ ឬប្រឆាំងនឹងអំពើល្អ គ្រប់គ្នាតែម្តង។

នាសម័យកាលបុរាណ នោះទៀតសោត ខ្មែរយើងមានជំនឿថា ពិភពលោក មានតែស្ថានពីរទេ គឺស្ថានមនុស្សសត្វ និងស្ថានបាតាល។ នៅសម័យនោះ គេសំដៅថា ជាស្ថាននរក គឹស្ថាននៅពីក្រោម បាតទឹក ដែលជាមណ្ឌល ដាក់ទណ្ឌកម្ម ព្រលឹងមនុស្ស ដែលធ្លាប់បាន ប្រព្រឹត្តអំពើអាក្រក់ កាលខ្លួនគេនៅរស់នៅឡើយ។ ដូច្នេះហើយ ទើបពេលណា មានមនុស្សស្លាប់ អ្នកស្រុកត្រូវ កាប់សត្វជាច្រើន ដើម្បីរំដោះយកព្រលឹងសត្វ មកជួយដង្ហែ ព្រលឹងមនុស្សដែលស្លាប់នោះ អោយបានទៅដល់ ស្ថាននរក អោយបំពេញ កម្មរបស់ខ្លួន គ្រប់ចំនួនហើយ ទើបអាចវិល មកចាប់កំណើត សាជាថ្មី លើភពមនុស្ស ម្តងទៀត។

នៅសម័យបុរាណនោះដែរ យក្សឬបិសាច ត្រូវគេចាត់ទុកថា ជាប្រភេទ វិញ្ញាណអប្រិយ តំណាងអោយ អ្នកមានចិត្តអាក្រក់ ចូលចិត្តប្រទុស្តយាយី មនុស្សសត្វ មិនអោយរស់នៅ សុខសប្បាយឡើយ។ ហេតុដែល គេច្រើននិយមហៅ មនុស្សទាំងឡាយ ដែលមានចិត្តព្រៃផ្សៃ ថាជាយក្ស ព្រោះថា នៅពេលណាមនុស្ស បញ្ចេញហឹង្សា និងភាពព្រៃផ្សៃរបស់ខ្លួនម្តងៗ បុគ្គលទាំងនោះ រមែងសម្តែង ទឹកមុខ និងអាកប្បកិរិយា យង់ឃ្នង គួរអោយ ព្រឺខ្លាចក្រៃលែង មិនដូចមនុស្សល្អជានា ធម្មតាឡើយ។

នៅពេលអ្នកស្រុក មិនអាចផ្ចាញ់ផ្ចាល វិញ្ញាណចិត្តអាក្រក់ (យក្ស បិសាច ព្រាយ អាប ធ្មប់) បានដោយកម្លាំងមនុស្ស ពួកគេក៏នាំគ្នា និយមសូនរូប ធ្វើអំពី ឈើ ឬ ដីអិដ្ឋ លាបពណ៌ ផាត់មុខក្រវេមក្រវ៉ាម ហើយសន្មតយកថា ជារូបយក្ស ឬរូបបិសាច អាប់ធ្មប់ទាំងឡាយ ហើយក៏នាំគ្នាប្រារព្វ ធ្វើពិធីឧបកិច្ច ដោយយកកាំបិត ចាក់ក ចាក់ខ្លួន ដោតលំពែង លើរូបសូន ទាំងនោះ ដើម្បី សម្លាប់ព្រលឹង របស់ យក្ស ឬបិសាច (មនុស្សអាក្រក់) ទាំងឡាយនោះឯង។

ជួនកាលទៀត ដើម្បីសម្លុតកម្លាច ពញ្ញាក់ កំញើញ មនុស្សអាក្រក់ កុំអោយធ្វើអំពើអាក្រក់ តទៅទៀត, អ្នកស្រុកអ្នកភូមិ តែងនាំគ្នា យករូបសូន ដែលមានមុខផាត់ពណ៌ ក្រវេមក្រវាម សន្មតថា ជាយក្ស ជាព្រាយបិសាច ត្រូវកាំបិត ឬដាវលំពែង ចាក់ក ចាក់ទ្រូង ទាំងនោះ មកដាក់តាំង នៅមុខផ្ទះ នៅមុខទីស្ថានផ្សេងៗ ជាគម្រូសញ្ញាបង្ហាញ ដល់អ្នកស្រុក ទាំងឡាយថា បើនរជនណា ហ៊ានល្មើសប្រព្រឹត្តអាក្រក់ នោះគេនឹងទទួលទោសអាក្រក់ បែបហ្នឹងមិនខាន។

ក្រោយៗមក ជំនឿតាំងរូប យក្សធ្លាយពោះ យក្សត្រូវកំាបិតចាក់ក ក៏នៅមានសល់បន្ត រហូតមកដល់ សព្វថ្ងៃនេះដែរ នាតំបន់ភូមិភាគខ្លះ នៃប្រទេសខ្មែរ។ ឯជំនឿអារក្សអ្នកតា ក៏នៅបន្ត ការផ្សព្វផ្សាយឥទ្ធិពល ពាសពេញ ទឹកដីហ្វូណន ចេនឡា រហូតមកដល់ បច្ចុប្បន្ននេះដែរ ដោយមានរួមទាំង ប្រទេសខ្មែរ លាវ ថៃ និង វៀតណាមខាងត្បូងផង។

លុះព្រាហ្មញ្ញសាសនា ចូលមកវាតឥទិ្ធពលនៅកម្ពុជា នៅយុគសម័យ ព្រះបាទហ៊ុនទៀន និងព្រះនាងសោមា, រឿងរាមកេរ្តិ៍ បានបង្កឥទ្ធិពលថ្មី ដល់ប្រជាពលរដ្ឋចេនឡា ដោយមានតួក្រុងរាពណ៍ ជាតួអាក្រក់ ចិត្តអាក្រក់ ដណ្តើមយក ភរិយារបស់គេ មកជារបស់ខ្លួន ហើយបានធ្វើសឹកសង្គ្រាម ជាមួយ រាមនិងលក្សណ៍ រហូតស្លាប់ពល អស់ទាំងនគរ។ ក្បាច់ចម្លាក់ យក្សរាពណ៍ នៃប្រទេសឥណ្ឌា បានហូរចូលមកកម្ពុជា ហើយត្រូវបាន អ្នកស្រុកចេនឡា ត្រងយក ក្បាច់យក្សឥណ្ឌាខ្លះ ផ្សំលាយនឹង ក្បាច់យក្សសូន ក្នុងជំនឿអ្នកតា រួមបញ្ចូលគ្នា បង្កបង្កើត បានជារូបយក្ស មួយទៀត ដែលមានលក្ខណៈ ដូចខ្មែរខ្លះ ឥណ្ឌាខ្លះ។

នៅក្នុងព្រាហ្មញ្ញសាសនានេះទៀតសោត ខ្មែរយើងមានជំនឿ ទៅលើ ព្រះសិវៈ គឺព្រះដែលបង្កកំណើត (ដោយមានយក រូបលឹង្គឥសូរ ឆ្លាក់បញ្ឈរ ពីលើយោនី ដែលឆ្លាក់ជារាងត្បាល់កិនម្សៅ ត្រងពីក្រោម ជាតំណាង ការរួមភេទ រវាងបុរសនិងស្រ្តី) ហើយមានជំនឿទៅលើ ព្រះបួនអង្គទៀត គឺ ដីទឹកភ្លើងខ្យល់ (ព្រះធរណី ព្រះគង្គា ព្រះអគ្គី ព្រះវាតា) ជាគោល។ នៅក្នុងជំនឿនេះ យក្ស ជាតួតំណាង មនុស្សអាក្រក់ ទេវតាជាតំណាងមនុស្សល្អ ដោយមាននាគ គ្រុឌ កិន្នរ ហង្ស ដំរី ជាសេនាជំនួយ ក្នុងការប្រយុទ្ធទប់ទល់ នឹងការយាយី ប្រទុស្តបំផ្លាញ របស់ពពួកយក្ស មកលើពពួកទេវតា ជាដើម។ ដូច្នេះហើយ ទើបយើងឃើញមាន ចម្លាក់យក្ស ប្រយុទ្ធនឹងពពួកទេវតា នៅស្ទើរគ្រប់ប្រាសាទខ្មែរ លើទឹកដីចេនឡា។

នៅសម័យព្រះពុទ្ធសាសនា ខ្មែរយើងរិតតែមានជំនឿ លើអំពើបុណ្យ អំពើបាប រិតតែច្រើន ហើយបានត្រងយក ឥទ្ធិពល ជំនឿអារក្សអ្នកតា និងព្រាហ្មញ្ញសាសនា មកលាយឡំបញ្ចូលគ្នា ជាមួយនឹង ពុទ្ធសាសនា ដូចដែលយើងបានឃើញ សព្វថ្ងៃនេះ ដូចជា យករូបសូន ជាយក្ស តំណាងមនុស្សចិត្តអាក្រក់ មានមុខអាក្រក់ តែមានសម្លៀកពស្ត្រារចនា យ៉ាងស្រស់ស្អាត ដូចស្តេចផែនដី ប៉ុន្តែបែរជា គេយកទៅដាក់ អោយឈរយាមទ្វារ គ្រប់ក្លោងទ្វារទាំងឡាយ នៃវត្តអារាម ក្នុងគោលបំណង ពីរយ៉ាង គឺ ៖

១- គោលទីមួយ គឺជាតំណាង សំណល់ជំនឿអារក្សអ្នកតា អំពី ការតាំងរូបយក្សសូន ត្រូវគេចាក់ក ដើម្បីគម្រាម សម្លុត កម្លាច កំញើញមនុស្សអាក្រក់។

២- ប៉ុន្តែ ដោយរូបនោះ មានសភាពយង់ឃ្នង សាហាវ អាក្រក់មើលពេក ជាពិសេស នៅមុខក្លោតទ្វារវត្តអារាម ដែលជាទីប្រជុំធម្មធរ គេក៏បង្កើតអោយមាន ការផ្លាស់ប្តូ ដោយប្រារព្ធ ពិធីប្រោសយក្ស អោយក្លាយ ជាយក្សមានចិត្តធម៌ ដើម្បីជួយយាម ថែរក្សាវត្តអារាម ដោយកែឆ្នៃរូបយក្ស ជំនាន់អារក្សអ្នកតា អោយមកជាយក្ស ដែលមានក្បាច់សម្លៀកពស្រ្តា សង្ហាដូចជាក្រុងរាពណ៍ តែអោយមានឋានៈ ត្រឹមតែអ្នកឈរយាមក្លោងទ្វារ ខាងក្រៅរបងវត្ត។ រូបចម្លាក់យក្ស ទាំងឡាយនោះ តែងឈរកាន់ដំបងធំមួយ ដើម្បីការពារបិសាចយាយី ឬ ដឹកនាំ យក្សបិសាចទាំងឡាយ អោយលុះដោយធម៌ មិនអោយចូលមកយាយី អ្នកស្រុកអ្នកភូមិ ដែលនាំគ្នាចូលមកវត្ត ដើម្បីទទួលធម៌ ឬមកធ្វើបុណ្យ គឹការប្រព្រឹត្តល្អ ចំពោះមនុស្សដូចគ្នា។ ដំបងគឺជាតំណាងអាវុធ សម្រាប់ យក្សឆ្មាំក្លោងទ្វារ ដេញវាយយក្សដទៃទៀត ដែលមិនស្តាប់បង្គាប់ ឬ វាយសំពងយក្សដែលចូលមក រំខានអ្នកស្រុក កំពុងធ្វើបុណ្យក្នុងវត្ត។

ម៉្យាងវិញទៀត ជំនឿព្រះពុទ្ធសាសនា បាននាំអោយពលរដ្ឋខ្មែរ ចេះគ្រប់គ្រង ដឹកនាំខ្លួន ជាមនុស្សប្រកបដោយ ចិត្តមេត្តាសណ្តោស អធ្យាស្រ័យ ចំពោះគ្រប់គ្នា ដែលមានកំហុស ដើម្បីអោយគេមានឧិកាសកែប្រែខ្លួន អោយល្អប្រពៃមកវិញ។ រីឯការកែប្រែ មនុស្សអាក្រក់ខ្លះ កើតឡើងដោយ ការអប់រំផ្នែកអក្សរសិល្បទ ដែលបង្ហាញអំពី ការរៀបអភិសេក យក្សជាមួយនឹងស្រ្តីល្អ ឬ អោយយក្សសេពគប់ រៀនសូត្រពីមនុស្សល្អ ហើយទទួលឥទ្ធិពល នៃអំពើល្អនោះមក។ នៅក្នុងរឿងព្រេងខ្មែរខ្លះទៀត ក៏មានបញ្ជាក់អំពីរឿងនេះដែរ ដូចជាការអោយមាន យក្ស(មនុស្សអាក្រក់) រៀបការនឹងមនុស្ស (មនុស្សល្អ) ប្រសិនបើយក្សមានប្រពន្ធ ច្រើនប្រពន្ធល្អ ជួយអោយយក្សកែប្រែខ្លួន មកជាល្អវិញ ហើយកូនយក្ស កើតមក ក៏បានជាកូនល្អ (កូនមនុស្ស) ផងដែរ។

បន្ថែមពីលើនេះ ព្រះពុទ្ធសាសនា ក៏បានអប់រំប្រដៅ មនុស្សទូទៅ អោយទទួលការប្រៀនខ្លួន ប្រកបដោយធម៌ ដើរចាកផុតពី ឥទ្ធិពលនៃទោសៈ មោហៈ និងការគុំគួនឬស្យា នៅក្នុងចិត្ត ព្រោះថា នរជនណា ដែលបណ្តោយ អោយទោសៈមោហៈ និងកំហឹងគុំគួនឬស្យា ដណ្តប់ក្នុងចិត្ត របស់ខ្លួនបានហើយ គេទាំងឡាយនោះ ច្រើនមានជីវិត ប្រកបដោយសភាវៈយង់ឃ្នង មិនខុសពីយក្សបិសាចនោះឡើយ។

ដូច្នេះ បើសិនជាយើងរៀនចំណាំ អោយជាក់លាក់, យើងនឹងបានឃើញ ច្បាស់ប្រាកដមែនថា ពេលមនុស្ស មានចិត្តអាក្រក់ គិតអាក្រក់ មានគំនុំ កំហឹង ទោសៈមោហៈ ច្រើនមានសំដី និង អាកប្បកិរិយា កាចឃោរឃៅ មានទឹកមុខប្រែពណ៌ ក្រហមងាំង ឬខៀវស្វាយ ទៅតាម ដំណើរឈាមរត់ តាមអារម្មណ៍ដែលមាន នៅក្នុងខ្លួន។ រីឯសំដីនិយាយទៀតសោត ក៏មិនប្រពៃ ហើយឭខ្លាំងៗ ខ្ទរខ្ទារ ទន្រ្ទាំជើង គោះដៃ វាយតុ កៅអីក្តុងក្តាំង ផ្អើលអស់ មនុស្សទាំងភូមិ គឺពិតជាមិនធម្មតាឡើយ។ ដូច្នេះហើយ បានជាគេចំណាំហៅ មនុស្សដែលពុំអាច បង្ក្រាប កំហឹងទោសៈមោហៈ នៅក្នុងខ្លួនបាន ថាជាមនុស្ស មានចិត្តយក្ស មានកិរិយាយក្ស ឬកាចដូចយក្ស ជាដើម។

នៅក្នុងបទឆាយាំ ដែលយើងចំណាំស្រែកថា យក្សអ៎! គឹ កាលដើមឡើយ ការស្រែក យក្សអ៎ បន្ទរ ដោយសម្លេងស្គរ វាយរន្ថើនគ្នានោះ ជាការទូង ស្រែកហៅប្រមូលគ្នា មកធ្វើពិធីប្រារព្ធពិធីឧបកិច្ច សម្លាប់ព្រលឹងយក្ស ដែលមាននៅក្នុងមនុស្ស ដែលមានសន្តានចិត្តអាក្រក់ និង ប្រព្រឹត្តអាក្រក់ ចំពោះមនុស្សដូចគ្នា។ ហើយប្រពៃណី នៃការស្រែកហៅគ្នានេះ នៅមានសល់បន្ត រហូតមកដល់ សព្វថ្ងៃនេះដែរ តែគេបានសម្រួលផ្លាស់ប្តូរ ដោយយកការស្រែកហៅនេះ អមជាមួយ ស្គរឆាយាំ ទូងរន្ថើនៗ ប្រកូក ដើម្បីហៅមនុស្ស មកចូលរួមពិធីបុណ្យ សប្បាយៗ អ្វីមួយ នៅក្នុងភូមិ ជាជំនួសពិធីឧបកិច្ច សម្លាប់ព្រលឹងយក្សនោះ ជាជំនួសវិញ។

ដោយ អ្នកស្រី កែវចន្ទ័បូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com